បន្ទាប់ ពីចំណាយពេលជាងមួយខែក្នុងការបើកបរធ្វើដំណើរឆ្លងកាត់ឧបសគ្គជា ច្រើន ឥឡូវនេះក្រុមអ្នកបើកបរម៉ូតូធំកម្មវិធី Pulsar Power Tour 2015 បានវិលត្រឡប់ពីការប្រកួតដំណើរផ្សងព្រេងនិងឈានទៅដល់ដំណាក់កាល ចុងក្រោយដែលជាការប្រជែងគ្នាផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមប្រាក់រង្វាន់រាប់ពានដុល្លារ។
ជាបេក្ខជនមួយរូបលោក ហួង សុភ័ក្តតារា បានឲ្យដឹងថា ការប្រកួតប្រជែងនេះត្រូវប្រើអស់កម្លាំងពលំច្រើន ប៉ុន្តែបានផ្តល់បទពិសោធន៍បើកបរដ៏អស្ចារ្យ។ ការប្រកួតនេះ មានការប្រកួតប្រជែងគ្នាលើបច្ចេកទេសការបើកបរ រួមទាំងការប្រកួតលើបុព្វហេតុការងារទាក់ទងការអភិវឌ្ឍសង្គម។
បេក្ខជនចំនួន ១០ នាក់ ដែលចូលរួមប្រកួតប្រជែងបានប្រើប្រាស់ម៉ូតូធំប្រភេទ Pulsar 200N ដោយបើកធ្វើដំណើរឆ្លងកាត់ខេត្តកំពត ព្រះសីហនុ ដែលនៅភាគខាងត្បូងប្រទេស និងឆ្លងកាត់ខេត្តកំពង់ធំ និងសៀមរាបនៅភាគខាងជើងប្រទេស។ ការប្រកួតប្រជែងនេះតម្រូវឲ្យបេក្ខជន ប្រកួតប្រជែងគ្នាលើសកម្មភាពទាក់ទងនឹងម៉ូតូ និងមិនទាក់ទងនឹងការប្រើប្រាស់ម៉ូតូ។
ប្រធានគ្រប់គ្រងកម្មវិធីលោក Julian Rake បានឲ្យដឹងថា ដំណើរកម្មវិធីប្រកួតនេះគឺបេក្ខជនត្រូវធ្វើដំណើរឆ្លងកាត់បណ្ដា ខេត្តចំនួនប្រាំពីរ និងទីកន្លែងផ្សេងៗជាច្រើនតាមដងផ្លូវ ដើម្បីបើកបរដោយសុវត្ថិភាព និងប្រកបដោយភាពឆ្លាតវៃ។ ទន្ទឹមនេះ ក្រៅពីប្រកួតប្រជែងគ្នាលើផ្នែកបច្ចេកទេស និងសុវត្ថិភាពពីការបើកបរ ពួកគេក៏ត្រូវប្រកួតប្រជែងគ្នាការស្វែងយល់អំពីការងារពី បុព្វហេតុសង្គមរបស់អង្គការនានា។
ការប្រកួតចុងក្រោយរបស់បេក្ខជនទាំង ១០ នេះ នៅឯផ្លូវប្រណាំងកំបូលជិតរាជធានីភ្នំពេញដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី ៧ ខែមិថុនា ដើម្បីប្រាក់រង្វាន់មានរហូតដល់ចំនួន ២ ពាន់ដុល្លារ។ កម្មវិធីការប្រកួតដំណើរផ្សងព្រេង Pulsar Power Tour 2015 ក៏មានការចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ផងដែរ។
អត្ថបទ៖ ប៊ុណ្ណារ៉ា
brought to you by IT For You Cambodia
0 comments:
Post a Comment