កំពត៖ រថយន្តកូរ៉េចំណុះមួយតោនកន្លះ ពណ៌ខៀវ គ្មានស្លាកលេខ បើកបរបញ្ច្រាសទិសគ្នា បានរេកន្ទុយមកខាងស្តាំបុកម៉ូតូដែលជិះឌុបគ្នាពីរនាក់ បណ្តាលឲ្យពីរ នាក់ប្តីប្រពន្ធបានស្លាប់ ខណៈកូន២នាក់ កំពុងមករៀបចំយកសពទៅផ្ទះ ស្រាប់តែមានរថយន្តក្រុងដឹកអ្នកដំណើរ បុកបណ្តាលឲ្យពីរនាក់ប្តីប្រពន្ធជាកូនរបស់សពជនរងគ្រោះរង របួសធ្ងន់ទាំងពីរនាក់បន្ថែមទៀត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងផ្ទួនៗគ្នានេះ បានកើតឡើង កាលពីវេលាម៉ោង៨ និង៣៥នាទីព្រឹកថ្ងៃទី២៦ ខែឧសភានេះ នៅលើកំណាត់ផ្លូវជាតិលេខ៣ (កំពត-ព្រះសីហនុ) ត្រង់ចំណុចខាងលិចស្ពានកោះតូចចម្ងាយជាង១០០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកចេក ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។
សមត្ថកិច្ច បានឲ្យដឹងថា បុរសជន ដែលស្លាប់មានឈ្មោះ ទូច ម៉ាត់ អាយុ ៥៨ឆ្នាំ ជាជនជាតិខ្មែរអ៊ិស្លាម រីឯភរិយា ឈ្មោះ ឡោះ អាប់អះ អាយុ៣៥ឆ្នាំ ទាំងពីរនាក់ប្តីប្រពន្ធមានទីលំនៅភូមិតាដឹប សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។
ប្រភពពីកន្លែងកើតហេតុដដែលបានឲ្យដឹងថា នៅពេលក្រុមគ្រួសារសពកំពុងមករៀបចំយកសពទៅផ្ទះដោយជិះរថយន្តឡិច ស៊ីសចតនៅជិតកន្លែងកើតហេតុស្រាប់តែមានរថយន្តក្រុងដឹក អ្នកដំណើរបើកបរមកពីក្រុងព្រះសីហនុបានបុករថយន្តឡិចស៊ីសរបស់ ក្រុមគ្រួសារសពបណ្តាលឲ្យពីរនាក់ប្តីប្រពន្ធជាកូនរបស់សពជនរង គ្រោះរងរបួសធ្ងន់ទាំងពីរនាក់បន្ថែមទៀត ហើយត្រូវបានគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។ ចំណែកអ្នកបើកបររថយន្តក្រុងបានចុះរត់គេចខ្លួនបាត់បន្សល់ទុករថយន្ត និងអ្នកធ្វើដំណើរនៅក្នុងរថយន្តនៅកន្លែងកើតហេតុ៕








From:http://khmernews.today

0 comments:
Post a Comment