ទូរស័ព្ទដែលដំណើរលើប្រព័ន្ធប្រតិបត្តិការ Android អាចនឹងប្រឈមមុខយ៉ាងខ្លាំងជាមួយ Malware ដែលជាកម្មវិធីមេរោគរំខានមួយបែប ដែលចូលទៅប្រមូលទិន្នន័យ ឬបង្អាកដំណើរការនានា ប្រសិនបើលោកអ្នកដំឡើងកម្មវិធីក្រៅពី Google Play ។ ការទាញយកកម្មវិធី Crack ឬហ្គេមហ្វ្រីៗ ជាប្រភេទ File .APK ពីគេហទំព័រដទៃ ដែលមិនមានប្រភពច្បាស់លាស់ នឹងធ្វើឲ្យទូរស័ព្ទ ឬ Table លោកអ្នកកាន់តែងាយប៉ះពាល់ដល់បញ្ហាសុវត្ថិភាព ។ Android ផ្តល់សិទ្ធិឲ្យលោកអ្នក ក្នុងការដំឡើងកម្មវិធីនានាក្រៅពី Google Play ដែលអាចជាចំណូលចិត្តអ្នកដែលចង់ប្រើកម្មវិធី ដែលគេដាក់លក់ មកប្រើហ្វ្រីៗ ដោយមិនចង់ចំណាយត្រឹម ១ ឬ ២ដុល្លារជាដើម ។
ស្ថិតិបង្ហាញពីផលប៉ះពាល់ដល់ Android
នេះជាចំណុចបារម្ភបំផុតសម្រាប់ Apple តែងតែយកចិត្តទុកដាក់ដល់អ្នកប្រើប្រាស់ ដែលថាភាពងាយស្រួលខ្លះ តែងផ្តល់ផលប៉ះពាល់ត្រឡប់ទៅវិញ ។ យោងតាមការសិក្សារបស់ F-Secure បង្ហាញថាប្រហែលជិត ១ឆ្នាំគេស្វែងរកឃើញ 28,398 គម្រួរបស់ Malware ប៉ុន្តែមានប្រមាណ 146 នៃទាំងអស់នោះមានបញ្ហាកើតមកពី Google Play ដែលមានន័យថា 99.5% នៃ Malware ក្នុង Android មកពីការដំឡើងកម្មវិធីតាម File APK ដែលមិនស្ថិតនៅក្នុង Google Play ។ មុនពេលដែលអ្នកអនុញ្ញាតឲ្យដំឡើងបាន លោកអ្នកប្រាកដជាបានឃើញសារព្រមានដូចរូបខាងក្រោមនេះ ។
កម្មវិធីដំឡើងក្លែងក្លាយ (FakeInstaller)
កម្មវិធី ឬហ្គេមមួយចំនួនដែលលោកអ្នកបានទាញយកនៅតាមគេហទំព័រមួយចំនួន ដែលគ្មានប្រភពច្បាស់លាស់ ពេលដែលលោកអ្នកដំឡើងវានឹងបង្ហាញដំណើរការធម្មតាដែលដូចជាកម្មវិធីទូទៅដែរ ។ យ៉ាងណាមិញ វាមិនដូចអ្វីដែលលោកអ្នកបានគិតនោះទេ ប្រភេទ Malware ដែលពេញនិយមជាងគេ ហើយងាយវាយលុកចូលក្នុង Android លោកអ្នក ឬតាមរយៈវិធីនេះ ។ ពេលលោកអ្នកបានដំឡើងកម្មវិធី ឬហ្គេមនោះហើយ លោកអ្នកនឹងអាចប្រើវាបានធម្មតា តែនៅមានកម្មវិធី Malware មួយចំនួនទៀត ក៏បានដំណើរការដំណាលគ្នាផងដែរ មិនដូច្នោះ លោកអ្នកប្រាកដជាលុបវាចោល (ឬ Restore Android ឲ្យទៅសភាពដើម) កម្មវិធី Malware នោះនឹងបាត់ទៅជាមួយគ្នា ។ មូលហេតុនេះហើយ បានជាឲ្យលោកអ្នកយល់ច្រឡំថា កម្មវិធីដែលបានដំឡើងនោះ មិនមាន Malware ទេ បើមានមែន ម៉េចប្រើកម្មវិធីបានដូចធម្មតា?
ប្រសិនបើលោកអ្នកមិនអាចទាញយកកម្មវិធីពី Google Play បានដោយផ្ទាល់ សូមសាកតាមវិធីនេះ៖ របៀបទាញយក APK Files ដោយផ្ទាល់ពី Google Play វានឹងមិនមានផលប៉ះពាល់ទេ ព្រោះមកពីប្រភព Google Play តែមួយ ។
តើ Malware បង្កើតមកធ្វើអ្វី?
បច្ចុប្បន្ននេះ Malware ត្រូវបានបង្កើតឡើងក្នុងគោលបំណងរបស់ប្រាក់ វាងាយស្រួលក្នុងការបញ្ជាឲ្យដំណើរការ ប្រសិនបើលោកអ្នកចាញ់ល្បិចវា លោកអ្នកនឹងស្ថិតនៅក្នុងការត្រួតពិនិត្យ (Radar) របស់វាជាក់ជាមិនខាន ។
បន្ថែមលើនេះទៀតយោងតាមការសិក្សារបស់ McAfee ក៏បានបញ្ជាក់ស្រដៀងចំណុចខាងលើដែរ ដែលថាជាង 60% នៃ Malware ដែលមានក្នុង Android គឺបានមកពីការដំឡើងកម្មវិធីក្លែងក្លាយទាំងនោះ ដែលវាដើរតួដូចជាកម្មវិធីមែនទែន ដែលបន្លំលោកអ្នកឲ្យជឿថាវាជាកម្មវិធីដ៏ពិតប្រាកដមែន ។ ពេលខ្លះវាអាចដើរតួជាអ្នកផ្ញើសារជំនួសលោកអ្នក ដោយមិនឲ្យលោកអ្នកដឹង (ដំណើរការជា Background) ធ្វើឲ្យលោកអ្នកខាតបង់ប្រាក់ទៀតផង ។
Malware អាចចាយលុយលោកអ្នក
នៅជំនាន់ Android 4.2, Google បានដាក់បន្ថែមនូវប្រព័ន្ធសុវត្ថិភាពដើម្បីការពារការប្រើប្រាស់កម្មវិធីនានា ដើម្បីផ្ញើសារចេញពីទូរស័ព្ទដៃ ជាមួយនឹងអត្រាខ្ពស់ (Premium-rate) ប៉ុន្តែជាអកុសលឧបករណ៍ Android ភាគច្រើន ស៊េរីមុនៗ មិនបានប្រើប្រាស់ជំនាន់ថ្មីនេះនៅឡើយ ។ នេះជាបច្ចេកទេសដែល Malware ចូលចិត្តប្រើប្រាស់ជាងគេ ហើយលោកអ្នកដែលធ្លាប់ជួបប្រទះប្រហែលឆ្ងល់ថា ហេតុអ្វីបានលុយដែលមានក្នុងគណនីបាត់បង់ ដោយគ្មានមូលហេតុ? អត់បានតេទៅណាផង? លោកអ្នកប្រហែលជាអាចទាមទារលុយនោះមកវិញ តែតាមក្រុមហ៊ុនទូរស័ព្ទប្រហែលជារាងសាំញាំបន្តិចហើយ ។ បើប្រៀបធៀបទៅ ពេលខ្លះកម្មវិធីតម្លៃប្រហែល ២ដុល្លារ លោកអ្នកមិនអាចចំណាយទិញ ដែលជាត្រូវ Malware ប្រើអស់ជិត ១០ដុល្លារទៅវិញក៏ថាបាន ។
បើទោះបីជាលោកអ្នកបានប្រើប្រាស់ Android ជំនាន់ 4.2 ឬលើសពីនេះ ក៏មិនប្រាកដថាលោកអ្នកមានសុវត្ថិភាពពេញលេញដែរ ព្រោះថា Malware មានច្រើនប្រភេទ ហើយវាមានមុខងារខុសគ្នា វាអាចទទួលបញ្ជាពីម៉ាស៊ីនមេរបស់វា ហើយដំណើរការនៅក្នុង Android លោកអ្នក មិនមែនត្រឹមតែថ្លៃទូរស័ព្ទប៉ុណ្ណោះទេ រាល់ព័ត៌មានផ្ទាល់ខ្លួន ឬឯកសារនានា ដែលវាអាចយកបាន វានឹងផ្ញើទៅម៉ាស៊ីនមេដើម្បីប្រើប្រាស់ក្នុងវិធីណាមួយ ដើម្បីបានលុយ ។
ពេលខ្លះលោកអ្នកគ្រាន់ចង់សាកល្បងកម្មវិធី ដែលបង្កើតដោយខ្លួនឯង ឬមិត្តភក្តិលោកអ្នក ដែលមិនមានគណនី Google Developer លោកអ្នកប្រាកដជាត្រូវប្រើការដំឡើងតាម File APK នេះជាវិធីដែលលោកអ្នកគួរធ្វើ៖ វិធីទាំង ៥ យ៉ាងសម្រាប់ការដំឡើងកម្មវិធី Android
កម្មវិធីកម្ចាត់មេរោគ មិនប្រាកដជាមានសុវត្ថិភាពគ្រប់គ្រាន់ឡើយ
នៅក្នុង Google Play តែងតែស្គេនមើលកម្មវិធីទាំងឡាយដែលបាន Upload ក្នុងគោលបំណងប្រើជា Malware ។ ប្រសិនបើ Google ស្វែងរកឃើញ វានឹងត្រូវបានលុបចេញពីទូរស័ព្ទ Android ដែលអ្នកកំពុងប្រើ ។ Android ក៏មានមុខងារក្នុងការស្គេនកម្មវិធីទាំងនោះដែរ នៅពេលដែលលោកអ្នកដំឡើងកម្មវិធីណាមួយតាម File .APK ។ យ៉ាងណាក្តី វាមិនប្រាកដថានឹងអាចចាប់បានទាំងអស់នោះទេ ហើយសូម្បីតែកម្មវិធីកម្ចាត់មេរោគ ដែលលោកអ្នកបានដំឡើងមុន ឬក្រោយការដំឡើងកម្មវិធីដែលមាន Malware ទាំងនោះក៏ដោយ ក៏មិនអាចធានាថាចាប់បាន Malware ឲ្យប្រាកដ ១០០% ដែរ ។
សេចក្តីសន្និដ្ឋាន
ដើម្បីជៀសវាងការឆ្លង Malware ឬដំឡើង Malware ចូលក្នុង Android លោកអ្នកមិនត្រូវដំឡើងកម្មវិធីណាមួយតាម File .APK ឡើយ ទោះ File ប្រភេទណាក៏ដោយ ដោយមូលហេតុថា បើកម្មវិធីនេះជាកម្មវិធីល្អ ហើយត្រឹមត្រូវគេនឹងដាក់បញ្ចូលទៅក្នុង Google Play ឲ្យលោកអ្នកទាញយកប្រើប្រាស់ជាក់ជាមិនខាន ។ ក្រែងថាកម្មវិធីមួយចំនួនត្រូវការប្រាក់បង់ថ្លៃគណនី Google Developer (២៥ ដុល្លារ/គណនី) ដែលអាច Upload កម្មវិធីចូលបាន ទើបតម្រូវឲ្យទិញ ក្នុងតម្លៃ ១ដុល្លារ ឬ ២ដុល្លារប៉ុណ្ណោះ ។ សូមកុំស្ទាក់ស្ទើរក្នុងការទិញកម្មវិធីទាំងនោះ បើលោកអ្នកគិតថាមានប្រយោជន៍ក្នុងការប្រើប្រាស់ ព័ត៌មានឯកជន និងឯកសារនានារបស់លោកអ្នក មានតម្លៃរាប់ពាន់ដង នៃតម្លៃកម្មវិធីទាំងនោះ ។
From: Sombokit.com
brought to you by IT For You Cambodia
0 comments:
Post a Comment